វគ្គបណ្តុះបណ្តាលស្តីពីការងារវាយតម្លៃទទួលស្គាល់លើស្តង់ដាប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពចំណីអាហារ

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម (DACB) នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (GDAC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការងារវាយតម្លៃទទួលស្គាល់លើស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (Accreditation of Food Safety Management System: GMP & HACCP)»។ 

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំដោយ លោក មាន ជំនាញ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់សិក្ខាកាម ដែលជាតំណាងមកពីវិទ្យាស្ថានស្តង់ដារកម្ពុជា អគ្គនាយកដ្ឋានឧស្សាហកម្ម អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ព្រមទាំងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អង្គភាពវាយតម្លៃភាពអនុលោម និងមន្ត្រីជំនាញនៃ អ.ន.វ.ក (GDAC)។ 

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់នូវទិដ្ឋភាពរួមនៃពុទ្ធិ ស៊ីជម្រៅ និងរចនាសម្ព័ន្ធនៃការងារវាយតម្លៃទទួលស្គាល់ ដល់អង្គភាពវាយតម្លៃភាពអនុលោមលើស្តង់ដាប្រព័ន្ធគ្រប់គ្រង។ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលបានផ្តោតជាសំខាន់លើការវាយតម្លៃទទួលស្គាល់ផ្នែកសុវត្ថិភាពចំណីអាហារ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផ្នែកគោល រួមមាន៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (FSMS) ការអនុវត្តផលិតកម្មល្អ (GMP) និងប្រព័ន្ធវិភាគហានិភ័យ និងចំណុចត្រួតពិនិត្យសំខាន់ (HACCP)។ 

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ដើម្បីរួមចំណែកដល់ការរៀបចំ និងកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៃសេវាកម្មវាយតម្លៃទទួលស្គាល់នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ នាយកដ្ឋានវាយតម្លៃទទួលស្គាល់អង្គភាពវិញ្ញាបនបត្រកម្ម ក៏សង្ឃឹមផងដែរថា អង្គភាពវាយតម្លៃភាពអនុលោមនៅក្នុងប្រទេសកម្ពុជា នឹងសហការ និងទទួលយកនូវសេវាកម្មវាយតម្លៃទទួលស្គាល់របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា។ 

អត្ថបទដែលទាក់ទង

ខេត្តរតនគិរី៖ នាថ្ងៃទី ០៩–១១ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា (អ.ន.វ.ក) សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លិខិតបទដ្ឋានគតិយុត្ត ស្តង់ដាអន្តរជាតិ និងប្រព័ន្ធនីតិវិធីវាយតម្លៃទទួលស្គាល់សម្រាប់អង្គភាពវាយតម្លៃភាពអនុលោម» នៅខេត្តរតនគិរី។សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រហ្ម ដូលីន អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គសិក្ខាសាលានេះ មានសមាសភាពចូលរួមសរុបចំនួន ៧៩ នាក់ (ស្រ្តី ១៧ នាក់) ដែលជាតំណាងអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម អង្គភាពវាយតម្លៃភាពអនុលោម (CABs) និងវិស័យឯកជន។គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖1. ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹង អំពីការវាយតម្លៃទទួលស្គាល់ និងប្រព័ន្ធនីតិវិធីពាក់ព័ន្ធ។2. បង្កើនការយល់ដឹង លើលិខិតបទដ្ឋានគតិយុត្ត និងស្តង់ដាជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម។3. លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ របស់អង្គភាពវាយតម្លៃភាពអនុលោម ដោយផ្តោតលើសមត្ថភាព ឯករាជ្យភាព អព្យាក្រឹតភាព និងភាពជឿទុកចិត្ត។4. បង្កើតឱកាសសម្រាប់ភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់។ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសអំពីបញ្ហាប្រឈមក្នុងការអនុវត្តការងារ ចែករំលែកបទពិសោធន៍ជាក់ស្តែង ព្រមទាំងបានលើកឡើងនូវសំណូមពរ និងតម្រូវការចាំបាច់នានា ដើម្បីចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោម និងការវាយតម្លៃទទួលស្គាល់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ (អ.ន.វ.ក) ក្នុងការផ្សព្វផ្សាយចំណេះដឹង និងពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធ អំពីតួនាទី និងសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ ក្នុងការលើកកម្ពស់គុណភាព សមត្ថភាព ភាពជឿទុកចិត្ត និងការទទួលស្គាល់ជាផ្លូវការទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ លើលទ្ធផលនៃការវាយតម្លៃភាពអនុលោម។

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំជាន់ទី១៤ នៃ​អគារ​តេជោ​សែន​អគ្គនាយក​ដ្ឋាន​វាយ តម្លៃ​ទទួល​ស្គាល់​នៃ​កម្ពុជា​បាន​រៀបចំកិច្ចប្រជុំពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​មន្ទីរ​ពិសោធន៍​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រោម​អធិបតី​ភាព ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​វាយ​តម្លៃ​ទទួល​ស្គាល់​​នៃ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី លោក​អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ ឧ.វ.ប.ន. រាជធានីភ្នំពេញ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន។កិច្ចប្រជុំនេះ មាន​គោល​​បំណង​សិក្សា​ស្វែង​យល់​អំពី​ប្រព័ន្ធ​ការងារ​វាយ​តម្លៃ​ទទួល​ស្គាល់​នៅ​កម្ពុជា ខណៈ​ដែល​តំណាង​ប្រតិ​ភូម៉ា​​ឡេស៊ី​មាន​បំណង​វិនិយោគ​បើក​មន្ទីរពិសោធន៍​ធ្វើ​តេស្ត​លើ​ម្ហូបអាហារ ដើម្បី​រួម​ចំណែក​គាំ​ទ្រ​ដល់​វិស័យ​ផលិត​កម្ម​ម្ហូប​អាហារ​នៅ​កម្ពុជា​ឱ្យ​មាន​គុណភាព សុវត្ថិភាព និង​អនុលោម​តាម​ស្តង់​ដារ​កំណត់។

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំជាន់ទី៧ នៃអគារតេជោសែន អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការ UNDP ចំនួន ៣ រូបគឺ Dr. Carsten Jansen, Sustainable Public Procurement Expert, Mr. Chheng NgovVeng, Construction Material Expert និង Mr. Heng Sovanchandara, Energy and Green Growth Specialist ក្រោមអធិបតីភាព ឯកឧត្តម ជ្រៀន សេងគង់ អគ្គនាយក នៃអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា និងមានការចូលរួមពីលោកអគ្គនាយករង លោក/លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីនៃអគ្គនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងសារៈសំខាន់នៃការវាយតម្លៃទទួលស្គាល់ ដែលជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ក្នុងការការពារបរិស្ថានពីកាកសំណល់ដែលកើតចេញពីការផលិត និងការប្រើប្រាស់គ្រឿងសំណង់ដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់។ 
សេចក្តីជូនដំណឹង និងឯកសារផ្សេងៗ
វីដេអូ
ចំនួនអ្នកទស្សនា
00002487356
បណ្ដាញសង្គម